Luke 4

អារក្សសាតាំងល្បួង​​ព្រះយេស៊ូ​

1ពេលនោះ​ព្រះ​យេស៊ូពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​ក៏​ត្រលប់ពី​អូរ​យ័រដាន់​មក​វិញ​ហើយ​ព្រះ​វិញ្ញាណ​បាន​នាំ​ព្រះអង្គ​ទៅឯទីរហោឋាន 2ដើម្បីឲ្យ​អារក្សសាតាំងល្បួងសែសិបថ្ងៃហើយ​ក្នុង​អំឡុងពេលនោះព្រះអង្គមិន​បាន​បរិភោគអ្វីសោះ។ ​កាល​រយៈពេល​សែសិប​ថ្ងៃ​នោះ​បាន​ចប់សព្វគ្រប់ហើយ​ព្រះអង្គ​ក៏​ឃ្លាន 3នោះអារក្សសាតាំងទូលព្រះអង្គថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​បង្គាប់​ឲ្យ​ថ្មនេះក្លាយជានំប៉័ងទៅ» 4ប៉ុន្ដែព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយទៅវាថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថាមនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» 5អារក្សសាតាំង​ក៏​នាំ​ព្រះអង្គទៅ​ហើយ​បង្ហាញ​ឲ្យ​ព្រះអង្គ​ឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី 6ហើយអារក្សសាតាំងទូលព្រះអង្គថា៖ ​«ខ្ញុំ​នឹង​ឲ្យសិទ្ធិអំណាចព្រមទាំង​សិរី​រុងរឿងនៃនគរទាំងអស់​នោះ​ដល់​អ្នកដ្បិត​ទាំងអស់នោះ​ត្រូវបាន​ប្រគល់មក​ឲ្យ​ខ្ញុំ​ហើយ​ខ្ញុំ​ចង់ឲ្យ​ទៅ​អ្នកណាក៏បាន 7ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ​នោះ​អ្វីៗ​ទាំងអស់​នឹង​ក្លាយជា​របស់​អ្នកហើយ»។ 8ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​វាថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថា​អ្នក​ត្រូវ​ថ្វាយបង្គំព្រះអម្ចាស់ជាព្រះ​របស់​អ្នកហើយ​ត្រូវ​បម្រើព្រះអង្គតែមួយប៉ុណ្ណោះ» 9អារក្សសាតាំង​ក៏នាំព្រះអង្គទៅ​ក្រុង​យេរូសាឡិម​រួច​ដាក់ព្រះអង្គនៅលើកំពូល​ព្រះ​វិហារ​ហើយ​ទូលព្រះអង្គថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ចូរ​ទម្លាក់ខ្លួនទៅក្រោមទៅ 10ដ្បិតមាន​សេចក្ដីចែង​ទុក​មក​ថា​ព្រះអង្គ​នឹង​បង្គាប់ទេវតា​របស់​ព្រះអង្គពីដំណើរអ្នក​ដើម្បី​ការពារអ្នក 11ហើយទេវតា​នឹង​ទ្រអ្នកនៅលើដៃក្រែងលោជើងអ្នកទង្គិចនឹងថ្ម»។ 12ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​វាថា៖ ​«មាន​សេចក្ដី​ចែងទុកមក​ទៀត​ថាកុំល្បួងព្រះអម្ចាស់ជាព្រះ​របស់​អ្នកឡើយ»។ 13កាលអារក្សសាតាំងបាន​បញ្ចប់​សេចក្ដីល្បួងទាំងអស់​សព្វគ្រប់​ហើយ​វា​ក៏​ចាកចេញពីព្រះអង្គទៅលុះត្រាតែ​មាន​ឱកាស​ទៀត។

ការងារ​របស់​ព្រះយេស៊ូ​នៅ​ស្រុក​កាលីឡេ​

14ព្រះ​យេស៊ូ​យាង​ត្រលប់ទៅ​ស្រុក​កាលីឡេវិញប្រកបដោយអំណាច​របស់​ព្រះ​វិញ្ញាណហើយដំណឹងអំពីព្រះអង្គ​បាន​ឮសុសសាយដល់ស្រុកទាំងអស់នៅជុំវិញ 15ព្រះអង្គបាន​បង្រៀននៅក្នុងសាលាប្រជុំ​របស់​ពួកគេ​ទាំង​ទទួល​បាន​ការសរសើរតម្កើងពី​ពួកគេ​ទាំងអស់គ្នា

ការ​បដិសេធ​ព្រះយេស៊ូ​​នៅ​ក្រុង​ណាសារ៉ែត​

16បន្ទាប់មក​ព្រះអង្គ​បាន​យាងទៅ​ក្រុង​ណាសារ៉ែត​ជា​កន្លែងដែល​ព្រះអង្គ​បានចម្រើនវ័យឡើង​ព្រះអង្គ​បាន​ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់​របស់​ព្រះអង្គព្រមទាំង​បាន​ក្រោកអានបទគម្ពីរ 17ហើយគេ​បាន​យកអត្ថបទគម្ពីរ​របស់​លោក​អេសាយដែល​ជា​អ្នកនាំព្រះបន្ទូល​មក​ប្រគល់​ជូន​ព្រះអង្គ។ ​កាល​បាន​លាអត្ថបទ​ហើយ​ព្រះអង្គ​រកឃើញកន្លែងមួយដែលចែងថា 18«ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​បាន​សណ្ឋិត​លើខ្ញុំពីព្រោះ​ព្រះអង្គ​បាន​ចាក់ប្រេងតាំង​ដល់​ខ្ញុំ​ដើម្បី​ប្រកាសដំណឹងល្អ​ដល់​ពួក​អ្នកក្រ​គឺ​ព្រះអង្គ​បាន​ចាត់ខ្ញុំ​ឲ្យមក​ប្រកាស​អំពី​ការដោះលែង​ដល់​ពួក​អ្នកជាប់ជាឈ្លើយនិង​អំពី​ការប្រោសឲ្យភ្លឺ​ដល់​ពួក​មនុស្ស​ខ្វាក់​ហើយ​ឲ្យ​រំដោះ​អស់អ្នក​ដែល​ត្រូវគេ​សង្កត់សង្កិន​ឲ្យ​មាន​សេរីភាព 19ព្រមទាំងប្រកាស​ពី​ឆ្នាំនៃសេចក្ដីមេត្ដា​របស់​ព្រះអម្ចាស់» 20ហើយព្រះអង្គ​ក៏មូរអត្ថបទគម្ពីរប្រគល់ទៅ​ឲ្យ​អ្នកថែរក្សាវិញ​នោះ​ភ្នែក​របស់​មនុស្ស​ទាំងអស់ក្នុងសាលាប្រជុំ​បាន​សម្លឹងមើលព្រះអង្គ​គ្រប់ៗគ្នា។ 21ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ ​«ថ្ងៃនេះបទគម្ពីរ​ដែល​អ្នករាល់គ្នា​បាន​ឮ​នៅ​នឹង​ត្រចៀក​បាន​សម្រេចហើយ»។ 22ពួកគេគ្រប់គ្នា​បាន​សរសើរព្រះអង្គនិងនឹកអស្ចារ្យពីព្រះបន្ទូល​ប្រកប​ដោយ​ព្រះ​គុណដែល​បាន​ចេញពីព្រះឱស្ឋ​របស់​ព្រះអង្គមកប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖ ​«តើ​អ្នកនេះមិនមែន​ជា​កូន​របស់​យ៉ូសែបទេ 23ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ ​«អ្នករាល់គ្នា​មុខជានិយាយសុភាសិតនេះ​ប្រាប់​ខ្ញុំមិនខានថាគ្រូពេទ្យអើយ! ​ចូរ​ព្យាបាលខ្លួនឯងចុះអ្វីៗដែល​យើង​ថា​បាន​កើតឡើងនៅ​ក្រុង​កាពើណិមនោះ​ចូរ​ធ្វើ​នៅ​ទីនេះ​ជា​ស្រុក​របស់​ខ្លួនអ្នកដែរ»។ 24ព្រះអង្គមានបន្ទូលទៀតថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាអ្នកនាំព្រះបន្ទូលមិនបាន​ទទួល​ការ​ស្វាគមន៍នៅក្នុងស្រុកកំណើត​របស់​ខ្លួនទេ 25ប៉ុន្ដែខ្ញុំ​ប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថានៅជំនាន់​លោក​អេលីយ៉ា​មាន​ស្ដ្រី​មេម៉ាយ​ជា​ច្រើននៅក្នុងអ៊ីស្រាអែលកាលនោះមេឃរាំងបីឆ្នាំប្រាំមួយខែ​បណ្ដាល​ឲ្យ​មានគ្រោះ​អត់​ឃ្លានជាខ្លាំង​នៅ​លើទឹកដីទាំងមូល 26ប៉ុន្ដែព្រះជាម្ចាស់​មិន​បាន​ចាត់​លោក​អេលីយ៉ាឲ្យទៅ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​មេម៉ាយ​ទាំងនោះទេ​គឺព្រះអង្គ​បានចាត់លោកឲ្យទៅឯ​ស្ដ្រីមេម៉ាយម្នាក់នៅក្រុងសារិបតា​នៃ​ស្រុកស៊ីដូន​វិញ។ 27ហើយនៅ​ជំនាន់​លោក​អេលីសេជាអ្នកនាំព្រះបន្ទូលមាន​មនុស្ស​ឃ្លង់​ជា​ច្រើននៅក្នុងអ៊ីស្រាអែលប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេគ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាតទេ​គឺមានតែ​លោក​ណាម៉ាន​ជា​ជនជាតិ​ស៊ីរី​ម្នាក់ប៉ុណ្ណោះ»។ 28កាលមនុស្ស​ទាំងអស់ក្នុងសាលាប្រជុំ​បាន​សេចក្ដី​ទាំង​នេះ​ក៏​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង 29ហើយពួកគេ​បាន​ក្រោកឡើងបណ្ដេញព្រះអង្គ​ចេញ​ទៅក្រៅក្រុងដែលពួកគេ​បាន​សង់នៅលើភ្នំរួចនាំព្រះអង្គឡើង​ទៅ​ចម្រេះ​ភ្នំ​នោះ​ដើម្បីច្រានព្រះអង្គទម្លាក់​ចុះ។ 30តែព្រះអង្គ​បាន​យាងកាត់កណ្ដាលចំណោមពួកគេចេញទៅ

ព្រះយេស៊ូ​បណ្ដេញ​អារក្ស

31ព្រះអង្គ​បាន​យាងចុះទៅ​ក្រុង​កាពើណិម​ជា​ក្រុងមួយ​នៃ​ស្រុក​កាលីឡេ​ហើយ​ក៏បង្រៀននៅថ្ងៃសប្ប័ទ 32ពួកអ្នកស្ដាប់​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច 33នៅក្នុងសាលាប្រជុំមានបុរសម្នាក់​ដែល​មានវិញ្ញាណអាក្រក់​របស់​អារក្សចូល​គាត់​បាន​ស្រែក​ដោយ​សំឡេងខ្លាំងៗថា 34«ព្រះ​យេស៊ូ​អ្នកក្រុង​ណាសារ៉ែតអើយតើយើងនិងព្រះអង្គ​មានរឿង​ហេតុអ្វី​នឹងគ្នា? ​តើ​ព្រះអង្គ​មកបំផ្លាញយើង? ​ខ្ញុំ​ស្គាល់​ហើយ​ព្រះអង្គជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។ 35ព្រះយេស៊ូបន្ទោសវាថា៖ ​«ស្ងៀមហើយចេញពីបុរសនេះទៅ!» ​កាល​អារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ​វា​ក៏​ចេញពីគាត់ដោយមិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ឡើយ 36ពួកគេគ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែងក៏និយាយគ្នាថា៖ ​«តើពាក្យសំដីនេះ​ជា​អ្វីបានជា​លោក​បញ្ជា​ពួក​វិញ្ញាណអាក្រក់ដោយសិទ្ធិអំណាចនិងឫទ្ធានុភាពហើយ​ពួកវា​ក៏​ចេញមក​ដូច្នេះ?» 37ដំណឹងអំពីព្រះអង្គលេចឮគ្រប់ទីកន្លែង​នៅ​ស្រុកជុំវិញ

ព្រះយេស៊ូប្រោសមនុស្សជាច្រើននៅក្រុងកាពើណិម

38កាល​បាន​ក្រោកឡើងចេញពីសាលាប្រជុំ​ព្រះអង្គ​ក៏ចូលទៅក្នុងផ្ទះ​របស់​លោក​ស៊ីម៉ូន។ ​ម្ដាយក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មានជំងឺគ្រុនជាខ្លាំង​ពួកគេ​ក៏អង្វរព្រះអង្គ​ឲ្យ​ប្រោស​គាត់ 39ព្រះអង្គក៏​ឈរ​ជិត​គាត់ស្ដីបន្ទោសដល់ជំងឺគ្រុននោះ​ជំងឺគ្រុន​ក៏​បាត់ទៅ​ហើយ​ភ្លាមនោះ​គាត់​ក្រោកឡើងបម្រើពួកគេ 40នៅពេលថ្ងៃលិចអស់អ្នកដែលមានបងប្អូនមានជំងឺរោគាផ្សេងៗ​បាន​នាំពួក​អ្នកជំងឺ​ទាំងនោះ​មក​ព្រះអង្គហើយព្រះអង្គ​បាន​ប្រោសពួកអ្នកជំងឺឲ្យជាសះស្បើយ​ដោយ​ដាក់​ព្រះ​ហស្ដ​លើ​ពួកគេម្នាក់ម្ដងៗ 41ពួកអារក្ស​បាន​ចេញពី​មនុស្ស​ជាច្រើនទាំងស្រែកថា៖ ​«ព្រះអង្គជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់» ​ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​មិនអនុញ្ញាត​ឲ្យ​ពួកវានិយាយទេពីព្រោះពួកវា​ស្គាល់​ថាព្រះអង្គជា​ព្រះ​គ្រិស្ដ

ព្រះយេស៊ូ​ប្រកាស​នៅក្នុង​ស្រុកកាលីឡេ​

42លុះ​ព្រឹកឡើង​ព្រះអង្គ​ក៏​ចេញ​ទៅកន្លែងស្ងាត់មួយហើយបណ្ដាជន​បាន​តាមរកព្រះអង្គ​កាល​ពួកគេ​បានមកជួបព្រះអង្គហើយ​ក៏​ឃាត់ព្រះអង្គមិន​ឲ្យ​ចាកចេញពីពួកគេ 43ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ ​«ជា​ការ​ចាំបាច់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ដល់ក្រុងដទៃ​ទៀត​ដែរដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​​មក​ដើម្បី​ការ​នេះឯង» 44ព្រះអង្គក៏ប្រកាសនៅក្នុងសាលាប្រជុំនានា​របស់​ជនជាតិ​យូដា
Copyright information for KhmKCB